ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃ២១ តុលា សម្តេចតេជោបានមានប្រសាសន៍កោតសរសើរថា អាជ្ញាធរខេត្តសៀមរាបបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត ទទួលលទ្ធផលល្អប្រសើរ ។
សម្ដេចតេជោបន្តថា «អាជ្ញាធរត្រូវយកចិត្តទុក ដាក់ ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ ក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន ដោយមិនត្រូវលំអៀង ខាងភាគីណានោះទេ ត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង»។
សម្ដេចតេជោ ក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួន ដូចជាប្រទេសថៃ ជាដើម ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសជិតខាងឲ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ ខេត្តសៀមរាបឲ្យកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួល ខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕ ដោយ៖ រិន ចុះរើន