សម្តេចក្រឡាហោម ស ខេង ឲ្យអាជ្ញាធរមានឆន្ទៈខ្ពស់បង្ក្រាបគ្រឿងញៀន ខណៈផលលំបាកនៃសង្គមនឹងកើតមានពេលខាងមុខ

ភ្នំពេញ៖ គ្រឿងញៀននៅតែជាក្តីកង្វល់សម្រាប់សង្គមកម្ពុជា ដោយសារបញ្ហានេះ ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅតែចេញបទបញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសគ្រឿង ព្រោះផលលំបាកនៃបញ្ហាសង្គមជាតិ នឹងកើតមានឡើងនាពេលខាងមុខ។

នេះជាការថ្លែងរបស់សម្តេចក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បច្ចុប្បន្នកម្ពុជាគឺជាប្រទេសរងគ្រោះ ដោយពួកឧក្រិដ្ឋជនយកធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើសនូវឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ព្រមទាំងបទល្មើសគ្រឿងញៀនជាដើម។

សម្ដេចថា កម្ពុជាមិនមែនជាប្រទេសប្រើប្រាស់គ្រឿងញៀននេះទាំងស្រុងឡើយ ប៉ុន្តែក្លាយទៅជាទីកន្លែងផលិតសារធាតុញៀនផ្សំ តាមរយៈគីមីផ្សំដែលផលិតផលពាក់កណ្ដាលសម្រេច ត្រូវបាននាំចូលមកកម្ពុជា។ នៅពេលនាំចូលផលិតផលពាក់កណ្ដាលសម្រេច ចំពោះសាធារធាតុគីមីទាំងឡាយផ្សំតាមរូបមន្ដរបស់ពួកគេហើយនោះ ពួកគេយកទៅលាក់ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត រួចហើយនាំចេញទៅប្រទេសទី៣ និងមួយផ្នែកចែកចាយនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា «បញ្ហានេះ យើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់បង្ក្រាបនូវបទល្មើសនេះ (បទល្មើសគ្រឿងញៀន» ឲ្យខានតែបាន ពីព្រោះផលលំបាក នៃសង្គមរបស់យើងវានឹងកើតមាននៅពេលខាងមុខ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់បង្ក្រាប និងដោះស្រាយបញ្ហាទាំងនេះពីឥឡូវទៅ»៕ ដោយ៖ រិន ចំរើន