ភ្នំពេញ៖ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ តុលា កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ហើយចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។
យោងតាមការព្យាករស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែតុលា បានឱ្យដឹងថា ក្នុងស្ថានភាពអាកាសធាតុបែបនេះ តំបន់ទំនាបកណ្តាលចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ តុលា ស្ទើរតែគ្មានភ្លៀង បើមានក៏តិចតួចប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់វៀតណាមនឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកឯាកមកតំបន់ខ្ពង់រាបវិញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ស្ទើរតែគ្មានភ្លៀងបន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់៕ ដោយ៖ ឧត្តម