ភ្នំពេញ៖ លោក លី ច័ន្ទតុលា បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៤ (២០២២-២០២៤) តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រពីសមាជិកចំនួន ២ ០១៦ នាក់ ក្នុងចំណោម ២០៤៥ នាក់ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់ខ្លួន កាលពីថ្ងៃទី ១៦ ខែតុលា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ សម្រាប់លោក ជ័យជំនះនេះមិនត្រឹមតែជាជោគជ័យសម្រាប់រូបខ្ញុំផ្ទាល់ម្នាក់ឯងទេ ប៉ុន្តែជាជោគជ័យរួមរបស់វិជ្ជាជីវៈមេធាវីរបស់យើង។
លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី១៨ តុលានេះ លោក លី ច័ន្ទតុលា បានបង្ហាញពីអារម្មណ៍ បានសរសេរថា លោកពិតជាមានក្តីសោមនស្សនិងមោទកភាពណាស់ដែលទទួលបានការស្រឡាញ់ រាប់អាននិងគាំទ្រពីសំណាក់បងប្អូនសហភាតាមេធាវីទាំងអស់ ឲ្យលោកបន្តការដឹកនាំគណៈមេធាវីរយៈពេល២ឆ្នាំទៀត (២០២២ ២០២៤)។
សម្រាប់លោក សម្លេងគាំទ្រ ២០១៦សម្លេង ស្ទើរតែ១០០% (៩៨,៥៨%) របស់បងប្អូនសហភាតាមេធាវី មិនត្រឹមតែជាជោគជ័យសម្រាប់លោកផ្ទាល់ម្នាក់ឯងនោះទេ ប៉ុន្តែ ជាជោគជ័យរួមរបស់វិជ្ជាជីវៈមេធាវីរបស់យើង ដែលបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសហភាតរភាពជាប្រវត្តិសាស្ត្រនៃវិជ្ជាជីវៈមេធាវីយើង។
«ខ្ញុំសូមសន្យាបន្តដឹកនាំគណៈមេធាវីឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមគោលនយោបាយដឹកនាំទាំង៨ចំណុចរបស់ខ្ញុំ បង្កើតនូវសកម្មភាពនិងគោលនយោបាយថ្មីៗបន្ថែមទៀត ទិសដៅមានតែ១ទេ គឺ ដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សូមបងប្អូនទាំងអស់រួមគ្នាជាមួយខ្ញុំដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ខ្ញុំសូមអរគុណបងប្អូនសហភាតាទាំងអស់ដែលស្រឡាញ់ រាប់អាន និងគាំទ្រចំពោះរូបខ្ញុំ និងការដឹកនាំរបស់ខ្ញុំ»។ នេះបើតាមការបញ្ជាក់របស់លោក លី ច័ន្ទតុលា។
ជាមួយគ្នានេះលោកអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលនិងតុលាការដែលតែងតែគាំទ្រចំពោះគណៈមេធាវី និងបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយមេធាវី ញ៉ាំងឲ្យការប្រកបវិជ្ជាជីវៈមេធាវីដំណើរការដោយរលូននិងប្រសិទ្ធភាពផងដែរ៕ ដោយ៖ ឧត្តម