ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅលោក វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ថាការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អជាទីបំផុត។
ក្នុងជំនួបជាមួយសម្ដេចតេជោ នាថ្ងៃទី១៨ តុលា មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមរូបនេះបានលើកឡើងថា ទិសដៅសំខាន់របស់លោក និងគណៈប្រតិភូទាំងមូលមកកម្ពុជា ធ្វើយ៉ាងណាជំរុញពង្រីកពង្រឹង ទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ។ ក្នុងន័យនេះ លោកក៏បានលើកពីគោលការណ៍៦ចំណុចផងដែរ ។
គោលការណ៍ទាំង៦នោះរួមមាន៖ ទី១.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឲ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង, ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ, ទី៣.ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ, ទី៤.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ, ទី៥.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម និងទី៦.ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និងពិភពលោក ។
ជាការឆ្លើយតប សម្ដេចតេជោ គាំទ្រចំពោះសំណើទាំង ៦ចំណុច របស់លោក វ៉ូ វ៉ាន់ធឿង។ ក្នុងនោះ សម្ដេចតេជោបញ្ជាក់ថា «ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរ រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម»៕ ដោយ៖ រិន ចំរើន