អាម៉េរិក៖ ផ្ទះរបស់លោក តាំង សារ៉ាដា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងសារព័ត៌មាន The Cambodia Daily ត្រូវបានចោរគាស់ផ្ទះចូល លួចសម្ភារៈផ្សព្វផ្សាយមួយចំនួន។ នេះបើតាមការឲ្យដឹងលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សស្និទ្ធជាមួយលោក តាំង សារ៉ាដា។
លោក មាជ សុវណ្ណារ៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែតុលានេះថា ជនមិនទាន់ស្គាល់អត្តសញ្ញាណ ដែលក្រុមប៉ូលីសនៅតំបន់រដ្ឋធានីវ៉ាស៊ីងតោន ឌីស៊ី កំពុងតែស៊ើបអង្កេត និងតាមប្រមាញ់រកមុខចាប់ខ្លួន ខណៈជននោះបានគាស់ចូលផ្ទះលោក តាំង សារ៉ាដា អ្នកគ្រប់គ្រងសារព័ត៌មាន The Cambodia Daily។
តាមប្រភពដដែល បានឲ្យដឹងបន្តថា សម្ភារៈដែលលោក តាំង សារ៉ាដា បាត់បង់រួមមាន៖ Computer Laptop មួយគ្រឿង, ម៉ាស៊ីនថតមួយគ្រឿង និង Microphone មួយគ្រឿង សរុបក្នុងតម្លៃជិត ១ម៉ឺនដុល្លារអាម៉េរិក កាលពីរសៀលថ្ងៃទី ១២ តុលា ឆ្នាំ ២០២២កន្លងទៅនេះ។
ក្រុមប៉ូលីស មិនទាន់វាយតម្លៃថា ជាករណីលួចប្លន់យ៉ាងណានោះទេ ពីព្រោះសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងធ្វើការស៊ើបអង្កេតនៅឡើយ ខណៈលោក តាំង សារ៉ាដា សុំមិននិយាយដោយទុកភារកិច្ចឲ្យក្រុមប៉ូលីសជំនាញ ធ្វើការជាមុនសិន៕
ដោយ៖ ឆែម ពិសិដ្ឋ