ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែតុលាម្សិលមិញ បានអញ្ជើញចូលរួមដាំកូនកោងកាងចំនួន ២០០០ដើម លើទីតាំងដែលរដ្ឋបាលខេត្តបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដាំកូនឈើនេះ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងប្រជានេសាទក្នុងសហគមន៍ភូមិព្រែកប្រស់។
នៅក្នុងឱកាសនោះ លោក គួច ចំរើន បានឲ្យដឹងថា កោងកាងជារនាំងបិតបាំងការពារនូវគ្រោះធម្មជាតិ និងជារុក្ខជាតិដែលបានផលិតកាបូន សម្រាប់ជីវិតរស់នៅរបស់មនុស្ស សត្វ ជាដើម។ ដោយសារតែការលោភលន់របស់បុគ្គលមួយចំនួនតូច ដែលបានធ្វើការកាប់បំផ្លាញនូវរុក្ខជាតិដ៏មានសារៈប្រយោជន៍នេះ ជាក់ស្តែងនៅលើទីតាំងនេះ គឺត្រូវបានរងនូវការកាប់បំផ្លាញព្រៃកោងកាងស្ទើរក្លាយជាវាលរហោឋានទៅហើយ។ ប្រសិនបើយើងមិនប្រញាប់ធ្វើការទប់ស្កាត់នោះទេ អំពើល្មើស និងការរីករាលដាលការកាប់បំផ្លាញព្រៃឈើ នឹងបង្កក្លាយជាវិនាសកម្មសម្រាប់សង្គមជាតិរបស់យើង។
លោកអភិបាលខេត្ត បានដាក់ចេញនូវពាក្យស្លោកថា «ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន ការកាប់បំផ្លាញព្រៃឈើក្ររហេមរហាម»។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផល ត្រូវធ្វើរបាយការណ៍អំពីទីតាំងដែលមានការកាប់បំផ្លាញព្រៃឈើ និងព្រៃកោងកាងផ្សេងទៀត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយត្រូវនាំខ្លួនអ្នកប្រព្រឹត្តទៅផ្តន្ទាទោស ដោយគ្មានការលើកលែងឡើយ។
ជាចុងក្រោយ លោកអភិបាលខេត្តបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំដុះ ថែរក្សា ការពារព្រៃកោងកាង និងព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិពងកូន ជារនាំងការពារគ្រោះធម្មជាតិ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជាប្រភពចំណូលរបស់ប្រជានេសាទ ដើម្បីបង្កើនជីវភាពគ្រួសារ៕
ដោយ៖ ឆែម ពិសិដ្ឋ