ភ្នំពេញ ៖ នាឱកាសអញ្ជើញបិទកិច្ចប្រជុំកំពូលស្ដ្រីអាស៊ានលើក ទី២ នារសៀលថ្ងៃ១២ តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា ស្ដ្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍ «បើស្ដ្រីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ាន ក៏រឹងមាំដូចគ្នាដែរ»។
សម្ដេចតេជោ បានថ្លែងបន្តថា «ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍ បើស្រ្តីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ានរបស់យើង ក៏រឹងមាំដូចគ្នាដែរ។ ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយដ៏សំខាន់ដែលអាចផ្តល់ និងបង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ានរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើង»។
សម្ដេចតេជោថា ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានពេញលេញ និងទូលំទូលាយ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។ ក្នុងន័យនេះ រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបានសមភាពសម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្រ្តីគ្រប់រូបមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។
សម្ដេចនាយករដ្ឋមន្ដ្រី ជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី២នេះ នឹងបន្តក្លាយជាវេទិកា សម្រាប់ការបំផុស និងជំរុញទឹកចិត្តដល់ស្ត្រីនៅក្នុងតំបន់អាស៊ាន ។ សម្ដេចក៏លើក ទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និងក្នុងតំបន់៕ ដោយ៖ រិន ចំរើន