រាជរដ្ឋាភិបាលកម្ពុជា ចំណាយ៨០០លានដុល្លារ សម្រាប់គ្រួសារក្រីក្រ និងរងគ្រោះដោយសារកូវីដ

ភ្នំពេញ ៖ ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិអស់ក្នុងរង្វង់ ៨០០លានដុល្លារ សម្រាប់គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ ៧០០ ០០០គ្រួសារ ក្នុងមានប្រហែល ២,៨លាននាក់។

នេះជាការថ្លែងរបស់លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយ រងហានិភ័យ នាថ្ងៃ១២ តុលា។

លោក ឆាយ ថន បន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការវិនិយោគប្រកបដោយនិរន្តរភាព ទៅក្នុងប្រព័ន្ធគាំពារសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនក្រីក្រ ខណៈមានការរីករាលដាលសកលជំងឺកូវីដបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋជាច្រើន។

លោកថា មូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលមានស្រាប់បានអនុញ្ញាតឱ្យបង្កើនការចុះបញ្ជីបានយ៉ាងឆាប់រហ័ស ហើយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មូលនិធិជាតិជំនួយសង្គម) ក្រោមឆត្រនៃក្រុមប្រឹក្សាជាតិគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។

លោកសង្កត់ធ្ងន់ថា “តាំងពីចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បានចំណាយថវិកាជាតិអស់រង្វង់ ៨០០លានដុល្លារអាមេរិក ទៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រប្រមាណ ៧០០ ០០០គ្រួសារ ប្រហែល ២,៨លាននាក់»៕ ដោយ៖ រិន ចំរើន