ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
សម្ដេចតេជោ បានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា «ថ្ងៃនេះ ខ្ញុំធ្វើលិខិតចូលព្រះបរមរាជវាំង តែងតាំង វេង សាខុន ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ យ៉ាងណាក៏ជាសាច់ឈាមរបស់យើង ជាមន្ដ្រីដែលធ្វើការជាមួយតាំងយូរ ។ ដូច្នេះយើងអត់បោះបង់ចោលទៅណាទេ ប៉ុន្ដែយើងត្រូវការទទួលខុសត្រូវ លើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យលឿនទៅមុខតែប៉ុណ្ណឹង»។
សូមរំលឹកថា នាពេលថ្មីៗនេះ តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោយស្នើសុំបញ្ចប់ពីរដ្ឋមន្រ្តីពីសំណាក់រាជរដ្ឋាភិបាលហើយ នៅថ្ងៃ១៣ តុលាខាងមុខគណៈអចិន្ត្រៃយ៍រដ្ឋនឹងបើកកិច្ចប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ លោក ឌិត ទីណា ជាកូនលោកឌិត មន្ទីរប្រធានតុលាការកំពូលជារដ្ឋមន្រ្តីជំនួសលោក វេង សាខុន៕ ដោយ៖ រិន ចំរើន