ភ្នំពេញ ៖ ក្រោយក្រុមប្រឆាំង នៅតែបើកការជជែក វែកញែកមិនឈប់ឈរ លើការបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ខុសរដ្ឋធម្មនុញ្ញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានពន្យល់ទៅកាន់ពួកគេអំពីនីតិវិធីច្បាស់លាស់ក្នុងការបញ្ចប់មុខតំណែង លោក វេង សាខុន ។
ការពន្យល់ក៏ដូចជាបកស្រាយរបស់សម្តេចតេជោនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី ៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោបញ្ជាក់យ៉ាងលំអិតអំពីការដកតំណែងនេះថា «ខ្ញុំស្នើឱ្យគេមើលមាត្រា ២១ និយាយអំពីជំពូកពីព្រះមហាក្សត្រនៃរដ្ឋធម្មនុញ្ញ និងមាត្រា២០ ជំពូកទី៣ នៃច្បាប់ស្ដីពី ការៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ទើបគេដឹងថា សិទ្ធិអំណាចយ៉ាងម៉េច ព្រោះគេចោទយើងថា យើងហ្នឹង អាដករដ្ឋមន្ត្រីហ្នឹងវាត្រូវហើយ ក៏ប៉ុន្តែវាថាខុសរដ្ឋធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញមាត្រា២១ គឺចង្អុលបង្ហាញថា ព្រះមហាក្សត្រគឺទ្រង់នឹងឡាយព្រះហស្តលេខា ដើម្បីបញ្ចប់មុខតំណែង ឬតែងតាំងស្អីៗ សម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការ តាមរយៈសំណើរបស់ឧត្ដមក្រុមប្រឹក្សាចៅក្រម»។
សម្ដេចតេជោ បន្ថែមទៀត ប៉ុន្តែដល់ទៅច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី គេចង្អុលត្រង់តែម្ដង នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករដ្ឋាភិបាល។
នាពេលថ្មីៗនេះ តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យបញ្ចប់មុខ តំណែងពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ក្រោយស្នើសុំបញ្ចប់ពីរដ្ឋមន្រ្តីពីសំណាក់រាជ រដ្ឋាភិបាលហើយ នៅថ្ងៃ១៣ តុលាខាងមុខ គណៈអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ លោក ឌិត ទីណា ជាកូនលោក ឌិត មន្ទីរ ប្រធានតុលាការកំពូលដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ ជារដ្ឋមន្រ្តីជំនួសលោក វេង សាខុន៕ដោយ៖ រិន ចំរើន