គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APP) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។ សិក្ខាសាលានេះ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ និង ៣០ព្រឹក រហូតដល់ម៉ោង ៤ និង ០០រសៀល។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ១០ ខែតុលានេះ បានឱ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនានា ដែលបានចូលរួមសិក្ខាសាលានេះ ទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស ស្ដីពី ស្ថាប័នជាតិសិទ្ធិមនុស្ស។

សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា សិក្ខាសាលានេះ ក៏ជាវេទិកានៃការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍នៅថ្នាក់តំបន់ ពីតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័នសិទ្ធិមនុស្សជាតិ និងតំណាងស្ថាប័នសិទ្ធិមនុស្សជាតិ និងតំណាងស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ៕
ដោយ៖ ឆែម ពិសិដ្ឋ