ភ្នំពេញ ៖ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបានទទួលទឹក ប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារពីការនាំចេញស្រូវ-អង្ករ ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន គិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ ក្នុងនោះប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន ៖ ចិន៤៤.០៩% បារាំង១៤.៨៣% ម៉ាឡេស៊ី ៥.៥៨% ហូឡង់ ៤.៦៥% អ៊ីតាលី ២.៦៥% ហ្កាប៊ុង២.៦៣% ព្រុយណេ២.៤៤% អង់គ្លេស ២.៤៥% និងអាល្លឺម៉ង់ ២.០៨%។
ដោយឡែក ស្រូវបានចំនួន២ ៣៥៧ ៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារត្រូវបាននាំចេញវចេញទៅវៀតណាម ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕ ដោយ៖ រិន ចំរើន