ការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា (Sipar) បានលើកឡើងថា គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើក ទី៩ នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាឡើងវិញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការលើកឡើងនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក ហុក សុទ្ធិ បានជម្រាបជូនថា ពិព័រណ៍សៀវភៅកម្ពុជា ជាសកម្មភាពសង្គមវប្បធម៌ ដែលត្រូវបានរៀបចំប្រចាំឆ្នាំនៅបណ្ណាល័យជាតិ ដោយគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា សមាគមបណ្ណាល័យកម្ពុជា សមាគម អ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា អង្គការ និងស្ថាប័នដៃគូជាច្រើនទៀត។

លោកនាយកអង្គការបានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ ពិព័រណ៍នេះត្រូវបានផ្អាកក្នុងឆ្នាំ២០២០ និង២០២១។ ប៉ុន្តែដោយឆ្នាំនេះ សភាពការណ៍កូវីដ-១៩បានធូរស្រាលច្រើន គណៈកម្មការបានសម្រេចបន្តរៀបចំពិព័រណ៍សៀវភៅឡើងវិញ ដែលគម្រោងរៀបចំជាស្តង់សៀវភៅចំនួន១៤០ស្តង់។ ចំពោះការរៀបចំពិព័រណ៍នេះ លោកសង្ឃឹមថា នឹងមានអ្នកមានចូលរួមច្រើន ដូចកាលពីឆ្នាំ២០១៩ រយៈពេល៣ ថ្ងៃ នៃការរៀបចំពិព័ណ៍ មានអ្នកចូលរួមចំនួនប្រមាណ ១៨ ម៉ឺននាក់ ។

លោក ហុក សុទ្ធិ បានបន្ថែមថា ប្រធានបទសម្រាប់ការរៀបចំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ ឆ្នាំនេះ គឺ «១ថ្ងៃអាន ១ថ្ងៃដឹង» ក្នុងគោលបំណងលើកស្ទួយការអាន និងការសរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្ម សៀវភៅ ដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះពុម្ពសៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅផងដែរ។

លោក ខៀវ កាញារីទ្ធ បានសម្ដែងនូវការគាំទ្រចំពោះដំណើរការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ជាថ្មីឡើងវិញ បន្ទាប់ពីខកខាន ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល២ ឆ្នាំកន្លងមកនេះ ។

សូមជម្រាបជូនថា តាមការគម្រោងរៀបចំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ នេះដែរ លោក ខៀវ កាញារីទ្ធ ក៏បានចូលរួមជាថវិកាដល់ដំណើររៀបចំកម្មវិធីចំនួន ២ ០០០ដុល្លារ ហើយក៏គ្រោងនាំយកនូវសៀវភៅរបស់ក្រសួងព័ត៌មានមួយចំនួនដាក់តាំងក្នុងពិព័រណ៍នោះផងដែរ។ ទន្ទឹមនេះ ការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៩នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ៕ដោយ៖ គង់ សេដ្ឋាមុនី