ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូ យូរ អង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ សម្រាប់វិស័យសកម្មភាពមីននៅ កម្ពុជាក្នុង នោះ ប្រទេស អាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារ បោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថា នឹងគាំទ្រដល់ អង្គការ Halo Trust រហូតដល់ឆ្នាំ ២០២៤។ ការលើកឡើងរបស់ទេសរដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ ទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសន ដ្ឋាន ឯកអគ្គ រដ្ឋទូតអាល្លឺម៉ង់ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែ វាយតម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង អាល្លឺម៉ង់ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ លោកទេសរដ្ឋ មន្រ្តីបានចូលរួមអបអរសាទរ លោក Stefan Anton MESSERER ចំពោះការតែងតាំងថ្មី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំ ព្រះ រាជាណាចក្រកម្ពុជា ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការយ៉ាង ជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យ កាន់តែរឹងមាំថែមទៀត។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តីបានវាយតម្លៃ ខ្ពស់ ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ ឡើង វិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធ ភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួល អាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាម ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្ត រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលជាមួយប្រទេសអាល្លឺម៉ង់ ដែលបានរីក ចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផល ប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ១៩៩៤ រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បាន គាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បី ចូល រួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈ ដែលប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេស សមាជិកសហគមន៍អឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យប្រទេសអាល្លឺម៉ង់បន្ត ការគាំទ្រដល់ការងារបោសសម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ សកម្ម ភាពមីន ២០១៨-២០២៥ ។ លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងអំពាវនាវ ដល់ប្រទេសជាមិត្ត និងដៃគូសកម្មភាពមីនដទៃទៀតរបស់កម្ពុជារួមមាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស ស្វីស ចិន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា អៀរឡង់ ឥណ្ឌា ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គម ស៊ីវិល និងសប្បុរសជន ឱ្យបន្តចូលរួមចែករំលែកនូវទស្សនៈវិស័យរួម ជាមួយរាជរដ្ឋាភិ បាល កម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌៕ដោយ៖ គង់ សេដ្ឋាមុនី