ភ្នំពេញ៖ ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើសុំឱ្យ អង្គការ ជំនួយ របស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា បន្តពង្រីកបន្ថែមនូវក្រុមការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ដើម្បីជួយពន្លឿនដល់ការងារកាត់បន្ថយផ្ទៃដីមានមីន /គ្រាប់ឱ្យកាន់តែឆាប់នៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំរបស់ទេសរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកជំនួយរបស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ច សហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ។
ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជន ប្រទេសន័រវែស ដែលបានឈរជាមួយកម្ពុជា រយៈពេល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដោយចាប់ផ្តើមកម្មវិធីសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ NPA ក៏ជាដៃគូ យុទ្ធ សាស្ត្រ និងយូរអង្វែងក្នុងការចូលរួមដល់ការងារបោសសម្អាតមីន/គ្រាប់បែកចង្កោម គាំទ្រដល់ការកសាងសមត្ថភាពដល់អាជ្ញាធរមីន ការគ្រប់គ្រង និងការសម្របសម្រួលវិស័យ សកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា រយៈពេល ៣០ឆ្នាំនេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការប្រែប្រួលយ៉ាង ខ្លាំង ស្របនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលុបបំបាត់ និងកាត់បន្ថយផ្ទៃដី សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមិនបាច់ ធ្វើការបោសសម្អាត និងអាចរំដោះផ្ទៃដីបានចាប់ពី ២៥ភាគរយ ដល់៣០ភាគរយ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានស្នើសុំផងដែរឱ្យ NPA សហការជាមួយ អាជ្ញាធរមីន រៀបចំកិច្ចប្រជុំស្តីពីគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ និងប្រតិ បត្តិ ករ បោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីកំណត់នីតិវិធីរំដោះ ផ្ទៃដី ឆ្ពោះ ទៅដល់ការ បោស សម្អាត មីនឱ្យអស់ឆ្នាំ២០២៥៕ដោយ៖ គង់ សេដ្ឋាមុនី