ភ្នំពេញ៖ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានព្រមានចាត់វិធានការផាកពិន័យពលរដ្ឋណាដែលចោលសំរាមក្នុងទន្លេ តាមច្បាប់ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ នេះបើតាមការផ្សាយលើហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
បើតាមលោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋឱ្យបញ្ឈប់សកម្មភាព យកសំរាមទៅចោលក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឱ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឱ្យបានគ្រប់គ្នា។ លោក កែន ផាន បានព្រមានថា ក្នុងករណីមិនរាងចាល នឹងមានការផាកពិន័យ តាមជំពូកទី៧ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។
ស្របពេលជាមួយនឹងការព្រមានចាត់វិធានការផាក់ពិន័យនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំឱ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេជាបន្តទៀត នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។
សូមសម្រាបថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្រោយពីទទួលបានការណែនាំ សាមីខ្លួនបានទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសន្យាថា មិនប្រព្រឹត្តខុសជាលើកទី២ ទៀតនោះទេ៕ ដោយ៖ ឆឹម ទិត