ក្រោយទឹកជំនន់ជន់លិចភូមិស្ថានពលរដ្ឋ៖ ភ្លាមៗ អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្តចែកជូនពលរដ្ឋ៥២គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ត្បូងឃ្មុំ៖ ក្រោយទឹកទន្លេមេគង្គបន្តហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្ន ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្ត ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកពីឃុំជីរោទិ៍ទី១ ៤២គ្រួសារ និងឃុំទន្លេបិទ១០គ្រួសារ សរុបចំនួន៥២គ្រួសារ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនទាំងអស់។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំការរស់នៅរបស់បងប្អូនឱ្យបានល្អ មានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានក្រើនរំលឹក និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូនរស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀល។

ជាមួយគ្នានោះអភិបាលខេត្ត និងលោកស្រី បានបន្តសំណេះសំណាលចែកថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារ ក៏ដូចជាចែកនំចំណី ដល់កុមារាកុមារី ដោយក្តីស្រលាញ់ចេញពីបេះដូងយ៉ាងកក់ក្តៅផងដែរ៕

សូមជម្រាបថា ទឹកទន្លេមេគង្គ គិតត្រឹមថ្ងៃទី០២តុលា មានកម្ពស់ ១៣,៧៤ម៉ែត្រចំពោះកម្ពស់ទឹកប្រកាសអាសន្ន ១៥,២០ ម៉ែត្រ៕ ដោយ៖ គង់ សេដ្ឋាមុនី