សារព័ត៌មានខ្មែរឈានមុខ ប្រកាសឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលក្នុង១គ្រួសារជូនដល់ក្រុមគ្រួសារសពយុទ្ធជន២នាក់ដែលបានបូជាជីវិតជួយសង្រ្គោះក្មេងប្រុសលង់ទឹក

ភ្នំពេញ៖ អង្គភាពសារព័ត៌មានខ្មែរឈានមុខ នៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីររូបដែលបានបាត់បង់ជីវិត ដោយសារចុះជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ នៅចំណុចអាងអង្រ្កង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមរំឭកថា ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមុនកើតហេតុយោធិនទាំង០២រូប ត្រូវបានអង្គភាពឱ្យចុះទៅពិនិត្យ សង្កេត ស្ថានភាពទឹកជំនន់នៅតំបន់នោះ។ ចៃដន្យពេលកំពុងល្បាតក៏បានប្រទះឃើញក្មេង២នាក់កំពុងលង់ទឹក យោធិនទាំង២នាក់នោះក៏ចុះជួយសង្រ្គោះជីវិតក្មេងទាំង២នាក់ រួចពីគ្រោះថ្នាក់ហើយ តែមិនប្រយ័ត្នក៏បណ្ដាលឱ្យលង់ទឹកទាំង០២នាក់តែម្តងទៅ ។

យោធិនទាំង០២រូបឈ្មោះ ថាវ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ សាកសពត្រូវបានរកឃើញ ដោយឡែក លោក ឈន សុីដេត បានបាត់ខ្លួនពុំទាន់រកឃើញនៅឡើយទេ ។យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕
ដោយ៖ សាន សៀងហៃ