រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ប្រកាសឧបត្ថម្ភប្រាក់ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីរ ដែលបានបូជាជីវិតជួយសង្រ្គោះក្មេងប្រុសលង់ទឹក០២នាក់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានប្រកាសឧបត្ថម្ភប្រាក់ចំនួនពីរលានរៀលសម្រាប់គ្រួសារនីមួយៗ ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីររូបដែលបានបាត់បង់ជីវិតដោយសារចុះជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់រួចពីគ្រោះថ្នាក់ហើយ តែមិនប្រយ័ត្នក៏បណ្ដាលឱ្យទឹកកួចលិច រហូតបាត់បង់ជីវិតទាំង០២នាក់តែម្តងទៅ នៅចំណុចអាងអង្រ្កង ឃុំគោកមន ស្រុកបន្ទាយអំពិល។

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោក ខៀវ កាញារីទ្ធ បានសរសេររៀបរាប់ថា <<សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល>>។

សូមបញ្ជាក់ផងដែរថា ហេតុការណ៏នេះបានកើតឡើងកាលពីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមុនកើតហេតុយោធិនទាំង០២រូប ត្រូវបានអង្គភាពឱ្យចុះទៅពិនិត្យ សង្កេត ស្ថានភាពទឹកជំនន់នៅតំបន់នោះ ចៃដន្យពេលកំពុងល្បាតក៏បានប្រទះឃើញក្មេង ពីរនាក់កំពុងលង់ទឹក យោធិនទាំង០២នាក់នោះក៏ចុះជួយសង្រ្គោះជីវិតក្មេងទាំងពីររួចពីគ្រោះថ្នាក់ហើយ តែមិនប្រយ័ត្នក៏បណ្ដាលឱ្យលង់ទឹកទាំង០២នាក់តែម្តងទៅ ។

យោធិនទាំង០២រូបឈ្មោះ ថាវ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ សាកសពត្រូវបានរកឃើញ១១:៣០នាទី ថ្ងៃទី១ ខែតុលា។ នៅថ្ងៃដដែលវេលាម៉ោង ៥:០០នាទី បានរកឃើញសពម្នាក់ទៀតឈ្មោះ ឈួន សុីដេត ។យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕
ដោយ៖សាន សៀងហៃ