បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀងតាមខ្នងផ្ទះចំនួន ៥០គ្រួសារ នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក បានទទួលស្បៀងអាហារបន្ទាន់ ពីអភិបាលខេត្តបន្ទាយមាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសម្តែងការសោកស្តាយចំពោះបាតុភូត ធម្មជាតិជំនន់ទឹកភ្លៀង ដែលបានកើតមានឡើងលើមូលដ្ឋាន បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ផលដំណាំ របស់បងប្អូនពលរដ្ឋនោះ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកើតមានឡើង ត្រូវចូលរួមថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយលេងទឹកក្រែងកើតមានករណីជាយថាហេតុណាមួយកើតមានឡើង ជាពិសេស ប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសទិច ឬខាំជាដើម។ បើមានអ្វីកើតឡើងជាយថាហេតុនោះ សូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំងដើម្បីជួយដោះស្រាយបានទាន់វេលានោះ។
យោងរបាយការណ៍រដ្ឋបាលស្រុកភ្នំស្រុកបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅក្នុងស្រុកភ្នំស្រុកនេះ បានធ្វើឱ្យប៉ះពាល់ ដល់៦ឃុំ មានប្រជាពលរដ្ឋចំនួន២៣៧៩គ្រួសារ ស្មើនឹង១០ ៧៧៤នាក់ ជម្លៀសទៅកាន់ ទីទួលសុវត្ថិភាពចំនួន២០០គ្រួសារ, ប៉ះពាល់ដំណាំស្រូវ១៣៨៤១ហិកតា, ដំឡូងមី៨៨០ ហិកតា, សាលារៀន១៧កន្លែង,វត្ត៥កន្លែង, មណ្ឌលសុខភាព១កន្លែង និងផ្លូវ៦៤កន្លែង ប្រវែង៤៨៧០៥ម៉ែត្រ៕
ដោយ៖ គង់ សេដ្ឋាមុនី