ភ្នំពេញ៖ ប្រភពពីអង្គការ Nature Life កាលពីទី២៧ ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថា ក្នុងខែកញ្ញានេះសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះបំផុតជិតផុតពូជនោះ បាននិងកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា(Nature Life Cambodia)បានចុះអង្កេតតាមដានស្វែងរកសម្បុកពងកូនរបស់ពួកវា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ តាមវិធីសាស្រ្ត និងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន។
ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន២សម្បុក សម្បុកទី១ដែលបានរកឃើញមានកូនចំនួន២ក្បាល ដែលមានអាយុ៤ថ្ងៃ និង សម្បុកទី២មានកូនចំនួន២ក្បាល មានអាយុប្រមាណ៣០ថ្ងៃ សរុបមានកូនចំនួន៤ក្បាល។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមការងារក៏បានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន១សម្បុកផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយសម្បុកដែលបានរកឃើញនោះត្រូវបានបំផ្លាញ។
សម្រាប់រដូវពងកូន ឆ្នាំ២០២២ យើងបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន៣សម្បុកហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា នេះបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់ គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ ៕ ដោយ៖ គង់ សេដ្ឋាមុនី