ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។
ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី០៣នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។
ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។
សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាន និងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។
រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀន៕
ដោយ៖ គង់ សេដ្ឋាមុនី