អភិបាលខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការការយកចិត្តទុកដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង

កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវ បង្កើនការការយកចិត្តទុកដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេដែលបណ្ដាលឱ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ៦នៅចន្លោះគីឡូម៉ែត្រលេខ២៣៤ និង២៣៥ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅចំពោះមុខ ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអភិបាលស្រុកស្ទោង និង សហការី នៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២២នេះ លោកអភិបាលខេត្តបានលើកឡើងថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងតូចៗកុំបណ្ដោយឱ្យលេងទឹក ប្រយ័ត្នសត្វអសិរពិសផ្សេងៗ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ត្រូវពិសាទឹកឆ្អិនគ្រប់ៗគ្នា។

លោកអភិបាលខេត្ត បានជំរុញឱ្យ រដ្ឋបាលស្រុកស្ទោង ត្រូវសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឱ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្តដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរជាងនេះនិងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋាន សូមជួយកាយលូដែលស្ទះនៅតាមភូមិឋានរបស់ខ្លួនដើម្បីជួយបន្ធូរនិងរំដោះទឹកឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការកកស្ទះយូរថ្ងៃ៕
ដោយ៖ គង់ សេដ្ឋាមុនី