សៀមរាប៖ មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសបិទផ្លូវរថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវក្នុងភូមិសាស្រ្ដខេត្តសៀមរាប ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២២ ខែកញ្ញានេះ រហូតមានដល់សេចក្ដីជូនដំណឹងជាថ្មី។
សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តសៀមរាបនៅថ្ងៃទី២២ ខែកញ្ញានេះបានបញ្ជាក់ថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្រ្ដខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្ដដឹកទំនិញធុនធ្ងន់បាន។
មន្ទីរសាធារណការ បញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និង ខេត្តសៀមរាប សម្រេចបិទចរាចរណ៍រថយន្ដដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នចំនួន១០ខ្សែរួមមាន កំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក-ព្រះវិហារ),ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង),ផ្លូវជាតិ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ),ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក),ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី),ផ្លូវខេត្តលេខ២៦៦F(ពួក-អង្គរជុំ),ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន),ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម),ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ),ផ្លូវខេត្តលេខ៦២-៣(បេងមាលា-ខ្វាវ)។
ដោយ៖ សាន សៀងហៃ