ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះដោយសារគ្រាប់មីនសរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។ តួលេខរងគ្រោះនេះត្រូវបាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញឱ្យដឹង ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន នៅថ្ងៃទី២២ខែកញ្ញានេះ។
លោកលី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា ការគម្រាមកំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះគឺមានភាពស្មុកស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។
ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៏ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញមានចំការមីន ចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វា, ព្រែកព្នៅ, ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕
ដោយ៖ សាន សៀងហៃ