ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬហៅថា សាលាក្តីខ្មែរក្រហមនឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងនៃការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។
ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន កាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានថ្លែងថា នៅចុងបញ្ចប់នៃសំណុំរឿង ០០២/០២ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះមានអាយុ៩១ឆ្នាំនៅរស់រានមានជីវិត និង បានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង។ ចំណែក ជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន គឺជាសាលដីចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងបេសកកម្មស្វែងរកការពិតនិងយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាតាមរយៈការជំនុំជម្រះក្តីប្រឆាំងទៅលើជនពីរជំពូកគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបាន ប្រព្រឹត្តឡើងនៅ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះ ១,៧លាន ទៅ ២,២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយអំពើអមនុស្សធម៌ផ្សេងៗ។
លោក នេត្រ ភក្ត្រា បានបន្តថា អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅសាលសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
នៅក្នុងរយៈពេល ៤ថ្ងៃនៃសវនាការលើបណ្តឹងសាទុក្ខ ចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូលបានស្តាប់ទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ភាគីបណ្តឹងសាទុក្ខរួមមានក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ ខៀវ សំផន សហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្តឹង រដ្ឋប្បវេណីដោយមានប្រធានបទសំខាន់ៗរួមមាន៖ ទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធនឹងសុពលភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងការពិចារណាជាទូទៅពាក់ព័ន្ធនឹងគោលការណ៍នីត្យានុកូលភាព, ទី២៖ យុត្តាធិការរួមបញ្ចូលប្រធានបទតូចៗស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈកិច្ចដំណើរការបំបែកនីតិវិធី។ ៣៖ បទឧក្រិដ្ឋរួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធ និង៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេបបដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ៕
ដោយ៖ គង់ សេដ្ឋាមុនី