កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅខេត្តកំពង់ធំ ត្រូវចាត់វិធានការបង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២១ កញ្ញានេះ។
បើតាមលោក ងួន រតនៈ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មអាហារដ្ឋាន និងហាងកាហ្វេ ដែលមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ លោក ថា ក្នុងករណីដែលរកឃើញថាម្ចាស់អាជីវកម្មទាំងនោះមានបង្កប់ល្បែងស៊ីសងនៅទីតាំងអាជីវកម្មរបស់ពួកគេនោះ សមត្ថកិច្ចនឹងបិទមិនឱ្យប្រកបអាជីវកម្មបន្តទៀត ព្រមជាមួយនឹងការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះបានព្រមានជាសាធារណៈដកតួនាទីអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ និងមន្រ្តីនគរបាលពីតួនាទីរបស់ខ្លួន ប្រសិនបើអ្នកទាំងនោះមិនបានបំពេញតួនាទីបង្ក្រាបបទល្មើសល្បែងស៊ីសងដែលកើតមាននៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួននោះទេ។ សម្តេចតេជោ ថា សម្តេចនឹងមិនបណ្តោយឱ្យសភាពការណ៍អនាធិបតេយ្យកើតមានដោយសារតែបញ្ហាល្បែងស៊ីសងនេះតទៅទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ត្រូវតែម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ វា(ល្បែងសងស៊ី)មិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ។ ក៏ប៉ុន្តែវាបណ្តាលឱ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែង»។
សម្តេចបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចាត់វិធានការណ៍បង្រ្កាបឱ្យបានទាន់ពេលវេលានិងដាច់ណាត់បំផុត។ សម្តេចសង្កាត់ធ្ងន់ថា «ខ្ញុំមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនូវអភិបាលខេត្តរាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្រ្តីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន»។
ព្រមជាមួយគ្នានេះសម្តេចបានបង្ហាញការសោកស្តាយដែលថា«យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើទាក់ទងការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការប្រឹងប្រែងទប់ស្កាត់នូវបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចបង្កឡើងដោយការលំបាកពីខាងក្រៅទាក់ទងនិងអតិផរណា»។ សម្តេច ថា«តែបែរជាយើងមករំខានដោយសារការលេងល្បែងស៊ីសងទៅវិញ»។
សម្តេចតេជោ បានលើកឡើងថា ល្បែងស៊ីសងនេះមិនបានដាក់តាំងនៅលើមេឃ ឬទីតាំងណាផ្សេងទៀតក្រៅពីក្នុងទីតាំងនៅក្នុងរាជធានីខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ រស់នៅនោះទេ ដែលស្ទើរតែមិនការចាំបាច់ឱ្យមានអន្តរាគមន៍ពីថ្នាក់ជាតិដើម្បីលើបញ្ហានេះទេ។
សម្តេចតេជោ បានបញ្ជាក់ថា «ប្រសិនបើឯកឧត្តម លោកជំទាវ ជាអភិបាល ខេត្ត រាជធានី យកការទទួលខុសត្រូវដើម្បីបញ្ចេញកម្លាំងបង្រ្កាបទៅលើមណ្ឌលដែលលេងល្បែងទាំងនោះ។ ក្រុមការងារថ្នាក់ជាតិមិនអាចទៅគ្រប់ទីកន្លែងបាននោះទេ ទោះបីចាត់តាំង១០០ក្រុមថែមទៀត ក៏មិនគ្រប់គ្រាន់ផងដែរ»។ សម្តេច ថា បញ្ហាធ្វើបានឬមិនបានគឺចំណុះលើមន្រ្តីមូលដ្ឋានក្នុងនោះមានប៉ុស្តិ៍នគរបាលនៅតាមមូលដ្ឋាន ព្រោះទីតាំងឋិតនៅក្នុងមូលដ្ឋានស្រាប់តែម្តង ហើយអ្វីដែលសំខាន់នោះតើធ្វើឬមិនធ្វើតែប៉ុណ្ណោះ៕ ដោយ៖ សម្បត្តិ សំណាង