សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះហើយ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបានឱ្យដឹងនៅថ្ងៃទី២១ខែកញ្ញាថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះតែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែល ជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។
លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរ កំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩បានអនុញ្ញាតឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕
ដោយ៖ គង់ សេដ្ឋាមុនី