គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួនលើអត្ថបទវីដេអូ បណ្ដុះបណ្ដាលមន្រ្ដីបោះឆ្នោត

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានធ្វើការ​ពិនិត្យ និង ពិភាក្សាលើខ្លឹមសារអត្ថបទវីដេអូសម្រាប់ធ្វើការបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីនៃការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងពិនិត្យសម្រេចទៅលើខ្លឹមសា​រ​អត្ថបទវីដេអូ សម្រាប់អប់រំប្រជាពលរដ្ឋទូទៅឱ្យយល់ដឹងអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត២០២២។

តាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណ:កម្មាធិការជាតិរៀបចំបោះឆ្នោ​ត លោក ប្រាជ្ញ ចន្ទ សម្រេចកែសម្រួលខ្លឹមសារមួយចំនួននៃអត្ថបទវីដេអូទាំងពីរនោះ រួចអនុ​ញ្ញាតឱ្យមន្រ្ដីជំនាញយកទៅថតតាមខ្លឹមសារនៃអត្ថបទដែលបានកែសម្រួល បន្ទាប់មកត្រូ​វ​ដាក់វីដេអូដែលថតរួចឆ្លងអង្គប្រជុំ គ.ជ.ប ម្ដងទៀតមុនយកទៅអនុវត្ត និងផ្សព្វផ្សាយជូនសា​ធា​រណជន។

ប្រធាន គ.ជ.ប បានឱ្យដឹងថា វីដេអូស្ដីពីនីតិវិធីនៃការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយ:ពេល៦០នាទី ប្រើសម្រាប់ធ្វើការបណ្ដុះបណ្ដាលជូនមន្រ្ដីបោះឆ្នោត និង វីដេអូមួយទៀតមានរយ:ពេល១៥នាទី ប្រើសម្រាប់ផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ក្នុ​ងគោលបំណងលើកកម្ពស់ការយល់ដឹង និងអញ្ជើញពួកគាត់ទៅពិនិត្យមើលឈ្មោះបោះឆ្នោ​ត​ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានគ្រ​ប់​​​ៗគ្នា៕

ដោយ៖ សាន សៀងហៃ