ភ្នំពេញ៖ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឱ្យដឹងថា AFDនឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន។
ក្នុងជំនួបពិភាក្សាការងារ និង សម្ដែងការគួរសម ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jean-Pierre Marcelli បានគួសបញ្ជាក់ថា «រដ្ឋាភិបាលបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា»។
បើតាម លោក Jean-Pierre Marcelli យុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី៖ ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, តាមរយៈ AFD, សាធារណរដ្ឋបារាំង បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លាន អឺរ៉ូ ដល់កម្ពុជា ក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល ។
ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្រ្តចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ, ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ៣ ឆ្នាំរំកិល ២០២២ – ២០២៤ ជាដើម៕
ដោយ៖ គង់ សេដ្ឋាមុនី