ភ្នំពេញ៖ សហរដ្ឋអាមេរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យ អនុស្សរណៈនៃការយោគយល់ ស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាមួយកម្ពុជា ទៅអនុវត្តជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។
នាឱកាសនៃការចូលជួបសម្តែងការគួរសមរបស់លោក Benjamin V. Wohlauer អនុទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក Benjamin V. Wohlauer អនុទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ភាគីអាម៉េរិក មានសេចក្តីរីករាយចំពោះសមទ្ធិផលនានា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសការអនុវត្តអនុស្សរណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពី ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជា។
តាមរយៈ ផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោក Benjamin V. Wohlauer បានបញ្ជាក់បន្ថែមទៀតថា លទ្ធផលវិជ្ជមាននេះអាចជាខ្នាតគំរូមួយសម្រាប់អនុវត្តជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។ ពាក់ព័ន្ធនឹងអនុស្សរណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពី ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជាភាគីទាំងពីរកម្ពុជា-អាម៉េរិក នឹងចុះហត្ថលេខាបន្តសុពលភាពជាថ្មីរយៈពេល៥ឆ្នាំទៀត នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពង្រីកវិសាលភាពអោយបានទូលំទូលាយជាងមុន។ ភាគីអាម៉េរិកបន្តប្តេជ្ញាចិត្តនៅក្នុងការបន្តជួយប្រទេសកម្ពុជាទៅលើការអភិរក្សបេតិកភណ្ឌវប្បធម៌៕
ដោយ៖ គង់ សេដ្ឋាមុនី