ខេត្តព្រះសីហនុ៖ក្រុមការងារអង្កេតអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅសង្កាត់ទាំង៥ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែកញ្ញានេះទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការចុះអង្កេតអចលនទ្រព្យនេះ រួមមាន ៖ ទី១.ការធ្វើទំនើបកម្មក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធដារ ការជូនដំណឹងស្ដីពីការបង់ពន្ធលើអចលនទ្រព្យ និងបង់ពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ និងទី២.គាំទ្រដល់ការគ្រប់គ្រង និងប្រមូលពន្ធអចនទ្រព្យ និងការបង់ពន្ធលើអចលទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។ល។
ពាក់ព័ន្ធនឹងការងារនេះដែរ លោក សិញ សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្ដាខេត្ត បានគូសបញ្ជាក់ថា ក្រុមការងាររបស់អគ្គនាយកដ្ឋានពន្ធដារ នឹងចុះដល់មូលដ្ឋានដើម្បីប្រមូលផ្ដុំទិន្ន័យ អត្ដសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមនិកា និងព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ធ្វើបច្ចុប្បន្នភាព និងជម្រុញការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវនឹងច្បាស់លាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកពន្ធដារ។
សូមគូររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ កន្លងមកបានចុះផ្ដល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងតាមបន្ដខេត្តមួយចំនួនរួមមាន៖ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប និងខេត្តស្វាយរៀង៕
អត្ថបទ ៖ ឆឹម ទិត