រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ ក្នុងសប្ដាហ៍នេះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្តូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ដល់២២ ខែកញ្ញា តាមប្រព័ន្ធវីដេអូ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦នេះ គឺជាវេទិកាសម្រាប់រដ្ឋមន្ត្រីមកពីបណ្តារដ្ឋ សមាជិកអាស៊ានក្នុងការផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ដែលបានកំណត់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។

ប្រភពដដែល បន្តថា កិច្ចប្រជុំខាងលើនេះក៏នឹងពិនិត្យ ពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាពដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ត។

សូមជម្រាបជូនផងដែរថា ក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី១៦ ក្រសួងមហាផ្ទៃ នឹងធ្វើជាប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា បូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ) លើកទី១២៕ អត្ថបទដោយ៖ ឆឹម ទិត