ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងក្នុងនោះការចុះការបង្ក្រាបរឹបអូស ហើយដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ
ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ ក្នុងករណីដែលម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមិនមកបំពេញកាតព្វកិច្ចពន្ធតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កត់ធ្ងន់ថា «ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា ការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។
ក្នុងនោះម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឲ្យបានមុនការកំណត់នេះ។
ការមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនេះ គឺដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជា៕
ដោយ៖ វង្ស សំណាង