ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ចំពោះករណីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព។
ថ្លែងកាលពីថ្ងៃទី១៦ កញ្ញា ក្នុងកិច្ចប្រជុំស្តីពីការណែនាំអំពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ លោក កើត រិទ្ធ បានលើកឡើងថា ស្ថាប័នអយ្យការត្រូវផ្តល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។
ក្នុងនោះត្រូវសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំណាត់ការឱ្យបានឆាប់រហ័ស ចំពោះសំណុំរឿងជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម អាជីវកម្មផ្លូវភេទ និងសំណុំរឿងរំលោភសេពសន្ថវៈ ព្រមទាំងសំណុំរឿងពាក់ព័ន្ធផ្សេងទៀត។
លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ក៏ដូចជាបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ សំដៅឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែងនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ច៕
ដោយ៖ វង្ស សំណាង