កណ្ដាល៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និង លោក ឌឹប បូរ៉ា អភិបាលរងខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយសំណូមពរ និងទំនាស់ជូនប្រជាពលរដ្ឋនៅផ្សាររកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។នេះបើយោងតាមការចេញផ្សាយរបស់ផេកអភិបាលរងខេត្តកណ្ដាល ។
ក្នុងកិច្ចប្រជុំ លោក តាំង ម៉េងលាន បានថ្លែងថា «កិច្ចប្រជុំនៅពេលនេះ ធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយតាម សំណូមពររបស់ប្រជាពលរដ្ឋនៅផ្សាររកាកោង១ ដែលការងារនេះ ក្រុមការងារខេត្តធ្លាប់បានចុះទៅប្រជុំ និងពិនិត្យទីតាំងជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ»។
ដោយផ្អែកតាមការសិក្សា ពីករណីនេះ គឺបង្កឡើងពីកង្វះខាតនៃការដឹកនាំការងាររដ្ឋបាលនៅមូលដ្ឋានដែលបានបង្កឱ្យមានបញ្ហា កើតឡើងបន្តិចម្តងៗ រហូតមានការតសំយ៉ាប រៀបតង់ខុសស្ថានភាពដើម សង់តូបមិនបានត្រឹមត្រូវ ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅផ្សាររកាកោង។
ជាមួយគ្នានេះផងដែរ លោក ឌឹប បូរ៉ា បានគូសបញ្ជាក់ពី ការសម្របសម្រួលជួយ ការងាររដ្ឋបាលស្រុកមុខកំពូល ឯកឧត្តមនឹងចូលរួមសហការជាមួយក្រុមការងារទាំងអស់គ្នា ព្រោះការងារនេះ ជាការងារមូលដ្ឋាន និងការងាររបស់យើងទាំងអស់គ្នា មិនគួរបន្តការលំបាកដល់ថ្នាក់ខេត្តទេ ហើយត្រូវស្វែងយល់បន្ថែមទៀត និងស្នើសុំរៀបចំជារបាយការណ៍ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ។
សូមរម្លឹកផងដែរថា ផ្សារកាកោងគឺជាផ្សាររដ្ឋ និងជាចំណូលមិនមែនសារពើពន្ធរបស់រដ្ឋ ដូច្នេះ ថវិកាដែលបានពីផ្សារនេះជារបស់រដ្ឋ សូមមន្ត្រីមូលដ្ឋាននិយាយប្រាប់ទៅកាន់ប្រជាជនពីស្ថានភាពនេះឱ្យបានត្រឹមត្រូវព្រោះរាល់បញ្ហាកើតឡើងនៅមូលដ្ឋាន មន្ត្រីរដ្ឋបាលស្រុកគឺជាសេនាធិការឱ្យខេត្ត៕
ដោយ៖ សាន សៀងហៃ