សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។ គណៈកម្មការនេះដឹកនាំដោយលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
គណៈកម្មការអន្តរក្រសួងមួយនេះដឹកនាំដោយប្រធានមួយរូប អនុប្រធាន៥រូប និងសមាជិក៧រូប។ សមាសភាពនៃគណៈកម្មមួយនេះមកពីក្រសួងកសិកម្ម កងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងមហាផ្ទៃ និងអភិបាលខេត្តមួយចំនួនទៀត។
គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ច រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ, អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្នុងនោះត្រូវរៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់, ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប និងត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល។
បើតាមសម្តេចនាយករដ្ឋមន្រ្តី គណៈកម្មការមួយនេះអាចប្រើប្រាស់ឧទ្ធម្ភាចក្រកងទ័ពដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនផងដែរ។ គណៈកម្មការមួយនេះក៏អាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការ៕