ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូស របស់ប្រទេសចិនបានមកដល់កម្ពុជាហើយនៅព្រឹកនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយនៅ ព្រឹកថ្ងៃទី២៩ មីនានេះ ខណៈដែលជំនួយវ៉ាក់សាំងនេះនឹងបន្តមកដល់កម្ពុជានៅថ្ងៃស្អែកបន្ថែមទៀត។ ភាគីកម្ពុជាតំណាងដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតចិន បានទៅទទួលវ៉ាក់សាំងនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរជម្រាបជូនថា ជំនួយវ៉ាក់សាំងដែលកម្ពុជាបានទទួលនៅពេលនេះ គឺបន្ទាប់ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស ដល់កម្ពុជាក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

ចិនជាប្រទេសលំដាប់ទីមួយដែលបានផ្តល់ជំនួយវ៉ាក់សាំងដ៏ច្រើនដល់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាប្រទេសផ្តត់ផ្គង់តម្រូវការវ៉ាក់សាំងឱ្យកម្ពុជា តាមរយៈការបញ្ជាទិញ នៅពេលដែលកម្ពុជាមានតម្រូវការវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃវិបត្តិកូវីដ១៩។

បើតាមការប្រកាសរបស់លោក ស៊ី ជិនពីង បានឱ្យដឹងថា ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធបញ្ហាវ៉ាក់សាំងនេះ លោក ស៊ី ជិនពីង ក៏បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី៕