លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំផែនការជាក់ស្តែងជាបន្ទាន់សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅក្នុងរាជធានី ខេត្តសាម៉ី និងត្រូវការពារសន្តិសុខ សុវត្ថិភាពគ្រប់ដំណាក់កាល នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ នេះបើយោងតាមផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិដែលបានបង្ហោះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃ គ.ស.អ ស្តីពីផែនការប្រើប្រាស់កម្លាំងការពារការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក នេត សាវឿន បានលើកឡើងថា អ្វីដែលបានរៀបចំនេះគឺដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយត្រូវធានាបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហឹង្សា អព្យាក្រឹត្យ សេរី ត្រឹមត្រូវ យុត្តិធម៌ សុវត្ថិភាពគ្រប់គោលដៅ។
លោក បានសង្កត់ធ្ងន់ថា គោលដៅអាទិភាពដែលត្រូវការពាររួមមាន ៖ ស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), ស្នាក់ការគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប), ស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំ (គឃ.សប), ការិយាល័យពិនិត្យបញ្ជីឆ្នោត និងចុះឈ្មោះបោះឆ្នោត, ការដឹកជញ្ជូនឧបករណ៍ សម្ភារៈ ឯកសារបោះឆ្នោត សន្លឹកឆ្នោត និងកន្លែងទុកសន្លឹកឆ្នោត។
ជាមួយគ្នានេះដែរលោកក៏បានណែនាំឱ្យពង្រឹងវិធានការសន្តិសុខ ការពាររាល់ព្រឹត្តិការណ៍នយោបាយទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញ ការបោះឆ្នោតដោយមានផែនការជាក់លាក់ ដើម្បីទប់ស្កាត់បញ្ហានេះឲ្យបានស្របពេលបច្ចុប្បន្នដែលប្រព័ន្ធផ្សព្វផ្សាយសង្គមមានលក្ខណៈទំលំទូលាយ។
ដោយឡែកស្នងការនគរបាលរាជធានី ខេត្ត ត្រូវសហការយ៉ាងជិតស្និទជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ជាមួយកងរាជអាវុធហត្ថ បញ្ជាការដ្ឋានតំបន់សឹករង និងជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៅតាមរាជធានី ខេត្ត។ នេះបើតាមការណែនាំរបស់លោក នេត សាវឿន៕