ថែ្លងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្រាប់ការរៀបចំមន្រ្តីបន្តវេនសម្រាប់ដការដឹកនាំប្រទេសជាតិទៅមុខទៀតគឺកុំចាំបាច់សួរថាគេអាយុប៉ុន្មាននោះទេ សំខាន់បំផុតថាគេធ្វើបានឬអត់។
តែទោះបីជាយ៉ាងនេះក្តី សម្តេច បានបញ្ជាក់ថា ក្មេងក៏ត្រូវតែយល់អំពីមនុស្សចាស់ បើទោះបីជាក្មេងមានចំណេះដឹងក៏ដោយ ប៉ុន្តែក្មេងខ្វះពិសោធន៍។ សម្តេច ថា ដោយឡែកមនុស្សចាស់អាចនិយាយបានថា ចំណេះដឹងខ្វះ ប៉ុន្តែសម្បូរពិសោធន៍វិញ។
សម្តេច បានបន្តថា ករណីនេះវាត្រូវធ្វើការផ្តុំគ្នាដែលមនុស្សគ្រប់ជំនាន់ត្រូវនៅជាមួយគ្នា។ ជាក់ស្តែងមន្រ្តីគណបក្សប្រជាជនកម្ពុជាមានមន្រ្តីដែលអាយុ៨០ឆ្នាំ, ៧០ឆ្នាំ, ៦០ឆ្នាំ និងរហូតដល់ ៤០ឆ្នាំ ជាដើម។
សម្តេច បានបញ្ជាក់ថា “អ្នកចាស់មិនត្រូវមើលស្រាលទៅលើក្មេង ដែលមិនទាន់មានពិសោធន៍ ហើយក្មេងមានចំណេះដឹងតែមិនត្រូវមើលស្រាលមនុស្សចាស់ដែលជាធនធានមរតកនៃបទពិសោធន៍នៅគ្រប់ការងារ ជាពិសេសទាក់ទងនឹងការគ្រប់គ្រងប្រទេសជាតិ ធនធានមនុស្សចាស់នេះ គឺជាធនធានដ៏មានតម្លៃ”៕