សម្តេច ហ៊ុន សែន៖ “ឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តីនៃការបោះឆ្នោតជាបន្តទៀត”

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តរបស់សម្តេចបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តីគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខនេះ បើទោះបីជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចពេលបច្ចុប្បន្ន បានរៀបចំនូវការរចនាសម្ពន្ធនៃការបន្តវេនសម្រាប់ដឹកនាំប្រទេសនាពេលខាងមុខក៏ដោយចុះ។

ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំបានប្រកាសហើយខ្ញុំធ្វើ(នាយករដ្ឋមន្រ្តី) ទល់តែខ្ញុំឈប់ចង់ធ្វើអាហ្នឹងគឺមានតែអញ្ចឹង ពីព្រោះវាអត់ទើសក្បាលអ្នកណាទេ”។

សម្តេច បានសង្កត់ធ្ងន់ថា ការប្រកាសបន្តជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគឺជាកិច្ចការដែលត្រូវបន្ត។ ដោយឡែករឿងនៃការផ្លាស់ប្តូរនៅពេលណានោះគឺរងចាំការបោះឆ្នោតរួចសិនចាំនិយាយគ្នាទៀត។ សម្តេច ថា ពីព្រោះថាយើងមិនអាចធ្វេសប្រហែសជាមួយនឹងកិច្ចការទាក់ទងនិងការរក្សាសន្តិភាពរបស់ប្រទេសនោះទេ។

សម្តេច បានបន្ថែមថា នៅពេលដែលសន្តិភាពត្រូវបានបាត់បង់នោះ ប្រទេសជាតិនឹងត្រូវរលាយតែម្តងហើយត្រូវរត់ជាន់ជើងគ្នាទៀត៕