តើគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ បានប៉ុន្មានភាគរយហើយ..?

ពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១​ ប្រវែងសរុប ៥៣,៥៣៩គ.ម (ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរអោយកត់សម្គាល់។ តាមការគ្រោងទុកការងារតួផ្លូវចាក់AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយ ដោយការងារបន្ទាប់គឺការបំពាក់បរិក្ខាផ្លូវថ្នល់ និងបំពាក់សម្ភារៈបម្រើឲ្យការងារសុវត្តិភាពចរាចរណ៍។

លោក ផន រឹម អ្នកនាំពាក្យសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើអោយប្រសើរឡើងការចរាចរណ៍របស់របស់ភ្ញៀវទេសចរជាតិ​ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។

អ្នកនាំពាក្យរូបនេះ បានបន្តថា​ មកទល់ពេលនេះការងារនៅការដ្ឋានសម្រេចបាន៖ ការងារស្រទាប់ Sub Base ជាន់ទី១ សម្រេចបាន ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Sub Base ជាន់ទី២ សម្រេចបាន ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Base Course ជាន់ទី១ សម្រេចបាន ៦៦.៦៨% (៣៥.៦km),ការងារស្រទាប់ Base Course ជាន់ទី២ សម្រេបាន ៥៦,៩៦% (៣០,៤Km),ការងារសាងសង់លូកាត់ទទឹងផ្លូវ សម្រេចបាន៩៥%,ការងារស្ពាន សម្រេចបាន ១០០%, ការងារស្រទាប់ Base Course ជាន់ទី២ សម្រេចបាន ៦០.៧% (២៩.៥Km), ការងារសាងសង់ផ្លូវវាងទី១ សម្រេចបាន២៥%, ការងារសាងសង់ផ្លូវវាងទី២ សម្រេចបាន ៦០% និងការងារសាងសង់លូមូលបណ្តោយផ្លូវ គ.ម៧ សម្រេចបាន៦០%។

គួរបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់លោក  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងចង្អុលបង្ហាញអោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ជាប្រចាំជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ,ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ។

ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕