សម្តេចហ៊ុន ម៉ាណែត ស្នើឱ្យពិនិត្យលទ្ធភាពបើកផ្លូវថ្មីពីចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ភ្ជាប់ទៅផ្លូវជាតិលេខ១

ភ្នំពេញ៖  សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានស្នើឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជន និងប្រជាពលរដ្ឋ ពិនិត្យលទ្ធភាព ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដើម្បីធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១ ដើម្បីផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤  សម្តេច ហ៊ុន ម៉ាណែត សង្កត់ថា ប្រសិនបើមានផ្លូវថ្មីចេញពីចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទៅដល់ផ្លូវជាតិលេខ១ គឺជាប្រជាពលរដ្ឋនៅតាមដងផ្លូវនេះ ទទួលបានផលប្រយោជន៍ច្រើនទាំងការធ្វើដំណើរ ពិសេសការឡើងថ្លៃដីធ្លី។ ត្រង់ចំណុចនេះ សម្តេចបញ្ជាឲ្យឯកឧត្តម ឃួង ស្រេង ចុះសិក្សា និងពិភាក្សាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលរងផលប៉ះពាល់ក្នុងករណីកសាងផ្លូវថ្មីនេះ។

 

ជាមួយគ្នានោះ សម្តេច បញ្ជាក់ថា ការស្ថាបនាផ្លូវ ស្ពានថ្មីៗ ជាច្រើននាពេលនេះ និងតទៅថ្ងៃខាងមុខ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរឡើង។

សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា៖« ការដាក់ទិសដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺមិនរាថយនោះទេ។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងធ្វើការងារនេះ ព្រោះផ្លូវបានជួយសម្រួលចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសអោយប្រជាពលរដ្ឋអាចប្រកបរបរបាន ពោលគឺផ្លូវប្រៀបដូចសរសៃឈាម ផ្លូវទៅដល់ណា អាចចចិញ្ចឹមសិរីរាង្គនៅទីនោះបាន»។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ  ដែលរាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែកម្ភនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន” ។ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។

ស្ពាននេះ    នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត  និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានសំរោង, ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ក្នុងនោះដែរ នៅក្នុងបញ្ចកោណទី២ គឺ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥  ហើយកិច្ចការអាទិភាពទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋាន និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕