ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ មីនានេះ ប្រធានាធីបតីចិន លោក ស៊ី ជិនពីង ប្រកាសផ្តល់ជំនួយវាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស ដល់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រូវការវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នេះបើយោងការបង្ហោះរបស់ផេកផ្លូវការសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី១៨ មីនានេះ។
ចិនជាប្រទេសលំដាប់ទីមួយដែលបានផ្តល់ជំនួយវ៉ាក់សាំងដ៏ច្រើនដល់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាប្រទេសផ្តត់ផ្គង់តម្រូវការវ៉ាក់សាំងឱ្យកម្ពុជា តាមរយៈការបញ្ជាទិញ នៅពេលដែលកម្ពុជាមានតម្រូវការវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនៃវិបត្តិកូវីដ១៩។
បើតាមការប្រកាសរបស់លោក ស៊ី ជិនពីង បានឱ្យដឹងថា ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។
ពាក់ព័ន្ធបញ្ហាវ៉ាក់សាំងនេះ លោក ស៊ី ជិនពីង ក៏បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។
ក្រៅពីប្រកាសពីផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស ដល់កម្ពុជានេះ លោក ស៊ី ជិនពីង ក៏ប្រកាសពីការនាំចូលអង្ករកម្ពុជាឱ្យបានកាន់តែច្រើនជាងមុនទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែ ចេក ស្វាយ និងផ្លែមៀនជាដើមដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ស្របពេលដែលបច្ចុប្បន្ននេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន៕