សាលារាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរនៅជុំវិញទីតាំងសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ

 

បើតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ដើម្បីឱ្យកម្មវិធីនេះដំណើរការដោយរលូន សាលារាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងកម្មវិធីរហូតដល់បញ្ចប់កម្មវិធី ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៨ មីនានេះ បានឱ្យដឹងថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស៧មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់បញ្ចប់កម្មវិធី។

គួរជម្រាបរំលឹកជូនថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក។ អគារមន្ទីរពេទ្យនេះមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ គ្រោងបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗថ្មីនេះ មានគ្រែសំរាកព្យាបាលជំងឺ ៤០០ គ្រែ និងមានកន្លែងចតឧទ្ធម្ភាគចក្រទៀតផង ៕