ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ សម្ពោធជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ក្នុងគោលបំណងប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) ។
មួយវិញទៀត មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)ក៏មានការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នាជាមួយដៃគូយុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ ។
មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល ។
SDF ក៏បានដាក់ចេញនូវបេសកកម្មជម្រុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និង គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានគុណភាព ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ក្នុងស្មារតីបុរេសកម្មក្នុងការចូលរួមពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាក្នុង ប្រព័ន្ធអេកូឡូស៊ីជំនាញ, SDF នឹងបន្តបង្កើតកម្មវិធីគាំទ្រថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍បន្ថែមទៀត ។
ជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចតទៅ៖ ១). ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និង បែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ, ២). បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន និង ៣). ដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែមដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល (Digital Learning Content) ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម ។ ល ។
បន្ថែមពីនេះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីកៀរគរសមាជិករបស់ CCC ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញ ដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
២. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
៣. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact ដើម្បីពង្រឹង និងពង្រីកការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
ជាមួយគ្នានេះផងដែរ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ក្រោម ការដឹកនាំដ៏ឈ្លៀសវៃ និង ម៉ឺងម៉ាត់របស់ សម្តេច ហ៊ុន ម៉ាណែត ។
ទន្ទឹមនឹងនេះ, លោក ផាន់ ផល្លា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះ-បណ្តាលទាំងអស់បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការជាក់ស្តែង ដើម្បីដាក់ស្នើមកកាន់ SDF” ។
ជាលទ្ធផល កម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ។ SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមគាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។