សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានបទឈប់បាញ់នៅនឹងកន្លែងក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី បានសេចក្តីថា កងកម្លាំងនៃប្រទេសទាំងពីរត្រូវឈរនៅទីតាំងនៅនឹងកន្លែងដោយមិនត្រូវធ្វើសកម្មភាពអ្វីទាំងអស់ ដើម្បីកាត់បន្ថយមហន្តរាយសម្រាប់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ មីនានេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ករណីសង្គ្រាមនៅអ៊ុយក្រែននេះ សម្តេចនៅតែមានជំនឿថា រុស្ស៊ីមិនអាចឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ ដោយឡែកអ៊ុយក្រែនឯណោះវិញ ក៏មិនអាចសម្លាប់ទាហានរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននោះដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច បានសង្កត់ធ្ងន់ថា “ជម្រើសដែលល្អជាងគេ គឺជាជម្រើសទាក់ទិនជាមួយនឹងការចរចា។ ដើម្បីចរចាបានត្រូវចាប់ផ្តើមពីបទឈប់បាញ់”។
សម្តេច បានបញ្ជាក់ថា “ពិតហើយរុស្ស៊ីជាមួយអ៊ុយក្រែនបានព្រមព្រៀងគ្នាទៅលើច្រករបៀងនៃការឈប់បាញ់ក៏ប៉ុន្តែបានអនុវត្តន៍ត្រឹមតែប៉ុន្មានរយៈពេលខ្លីប៉ុណ្ណោះសម្រាប់ជម្លៀសប្រជាជននិងដឹកម្ហូបអាហារ ដោះស្រាយវិបត្តិមនុស្សធម៌។ ប៉ុន្តែបទឈប់បាញ់នេះត្រូវបានបាញ់ឡើងវិញ”។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលអ៊ុយក្រែននិងរុស្ស៊ី ឯកភាពគ្នាឈប់បាញ់នៅនឹងកន្លែងហើយនោះ។ ភាគីទាំងពីរអាចចាប់ផ្តើមចរចាគ្នាបាន។ ដោយឡែកទាក់ទិននឹងការចរចានេះ សម្តេចក៏យល់ស្របថា ការចរចាររវាងអ៊ុយក្រែន-រុស្ស៊ីនេះ ម្ខាងចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះទ្វេភាគីរវាងប្រទេសទាំងពីរ និងម្ខាងទៀតចរចារវាងណាតូ អឺរ៉ុប ជាមួយនឹងរុស្ស៊ី ទាក់ទិននឹងការព្រួយបារម្ភពាក់ព័ន្ធនឹងសន្តិសុខរបស់ប្រទេសខ្លួន។
សម្តេច មានជំនឿថា ប្រសិនបើភាគីទាំងពីរអាចអនុវត្តន៍តាមជម្រើសខាងលើនេះបានពិភពលោកនឹងមានការធូរស្រាលជាមិនខាន៕