បញ្ហាកូវីដី១៩ ៖ សម្តេច ហ៊ុន សែន ថា កម្ពុជា ជាប្រទេសរងការខូចខាតតិចតួច បើប្រៀបធៀបជាមួយប្រទេសដែលវាយតម្លៃថាបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនជឿនលឿន

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ មីនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជាគឺជាប្រទេសដែលទទួលរងនូវការខូចខាតតិចតូចដោយសារតែជំងឺកូវីដ១៩ បើប្រៀបធៀបធៀបជាមួយប្រទេសដែលវាយតម្លៃថាបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនជឿនលឿននោះ។

សម្រាប់សម្តេចនាយករដ្ឋមន្រ្តី កម្ពុជាពិតជាអាចទទួលនូវពាក្យប្រមាថដែលថាប្រព័ន្ធសុខាភិបាលរបស់ខ្លួនទន់ខ្សោយ ដោយសារតែកម្ពុជាពិតជាទន់ខ្សោយមែន។ ជាក់ស្តែងបញ្ហាឧបករណ៍បច្ចេកទេសសម្ភារៈ តែទោះបីជាយ៉ាងណាក៏ដោយចុះ សម្តេច បានសង្កត់ធ្ងន់ថា “ទឹកចិត្តរបស់យើងមិនទន់ខ្សោយនោះទេ”។

សម្តេចបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាក់ស្តែងការប្រយុទ្ធនឹងជំងឹកូវីដ១៩ តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកជឿជាក់ថាកម្ពុជាអាចជំនះបានបែបនេះ។ សម្តេច ថា កម្ពុជាទទួលស្គាល់ខ្លួនឯងថា ខ្វះខាត ប៉ុន្តែដោយសារមនសិការនិងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យដោយមានជំនួយពីដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះមានប្រទេសចិន បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានការខូចខាតតិច បើប្រៀបធៀបជាមួយនឹងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងវាយតម្លៃថាខ្លួនឯងជឿនលឿននោះ។

សម្តេច បានបញ្ជាក់ថា “បញ្ហាវាអត់ឋិតការពឹងផ្អែកហួសហេតុពេកលើឧបករណ៍បច្ចេកទេសនោះទេ យើងត្រូវការហើយនូវឧបករណ៍បច្ចេកទេស ក៏ប៉ុន្តែបញ្ហាធំជាងនេះទៀតគឺបញ្ហាមនសិការវិជ្ជាជីវៈគ្រួពេទ្យរបស់យើងដែលមានការទទួលុខសត្រូវ”៕