ពីខេត្តត្បូងឃ្មុំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាកចេញពីប្រទេសក្នុងអំឡុងខែ៥ និងខែ៦ ឆ្នាំ២០២២ ខាងមុខនេះទេ ដោយសារតែកម្ពុជានៅក្នុងខែ៦ ឆ្នាំ២០២២ខាងមុខនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ មីនានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា “ពេលហ្នឹងកម្ពុជាបោះឆ្នោត ហើយខ្ញុំជានាយករដ្ឋមន្ត្រីដើរចោលប្រទេសម៉េចបាន ដើរចោលប្រទេសមិនបាននោះទេ”។
សម្តេច បន្តថា ចាប់ពីពាក់កណ្តាលខែ៥ ទៅដល់ពាក់កណ្តាលខែ៦ ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនេះសម្តេចនឹងមិនចាកចេញទៅក្រៅប្រទេសនោះទេ។ តែទោះបីជាយ៉ាងនេះក្តី សម្តេច ថា ខែ៥ ឆ្នាំ២០២២ខាងមុខនេះ សម្តេចគ្រោងនឹងមានកម្មវិធីមួយរួចទៅហើយនៅក្រៅប្រទេសគឺការទៅចូលរួមកិច្ចពិភាក្សាសេដ្ឋកិច្ចពិភពលោកដែលរៀបចំធ្វើឡើងចន្លោះពីថ្ងៃទី១២-១៧ ខែ៥ ឆ្នាំ២០២២ ក៏ប៉ុន្តែសម្តេចត្រូវត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី១៦វិញផងដែរ៕